មិនបាច់និយាយ ក៏យើងគ្រប់គ្នាអាចដឹងដែរថា Apple នឹងធ្វើការដាក់បង្ហាញទូរស័ព្ទ iPhone 6s នៅម្តុំខែកញ្ញាចុងឆ្នាំ 2015 នេះដោយយោងទៅតាមទំលាប់របស់ក្រុមហ៊ុន Apple។ បន្ថែមពីលើនេះទៅទៀត វាក៏នឹងមិនមានរូបរាងខុសគ្នាឆ្ងាយពី iPhone 6 ដែរ ប៉ុន្តែ Apple នឹងបង្កើតវាអោយមានកម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងបន្ថែមលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀត ដើម្បីឆក់ទាញចិត្តអ្នកប្រើប្រាស់អោយឡើងស៊េរី។
បើយើងនិយាយអំពីកាមេរ៉ាវិញ វាគឺជាផ្នែកដ៏សំខាន់បំផុតមួយរបស់ទូរស័ព្ទ ដែលក្រុមហ៊ុននានាគួរតែយកចិត្តទុកដាក់ផលិតអោយបានល្អឥតខ្ចោះបំផុត ព្រោះអីអ្នកប្រើប្រាស់ជាច្រើននឹងផ្តល់តម្លៃអោយស្មាតហ្វូនមួយថាល្អ រឺមិនល្អបានអាស្រ័យទៅលើកាមេរ៉ានេះហើយ។ អស់រយៈពេលជាងបួនឆ្នាំមកហើយ ដែលក្រុមហ៊ុន Apple បានបំពាក់កាមេរ៉ាទំហំ 8 មេហ្គាភិចសែលទៅលើទូរស័ព្ទ iPhone របស់ខ្លួន ហើយក្រុមហ៊ុនទំនងជានឹងនៅតែបន្តប្រើប្រាស់កាមេរ៉ាទំហំ 8 មេហ្គាភិចសែលទៀតទៅលើ iPhone 6s។ ការអះអាងនេះត្រូវបានលើកឡើងដោយអ្នកវិភាគផ្នែកឧស្សាហកម្មដ៏ជំនាញមួយរូប សញ្ជាតិចិន លោក Jeff Pu ។ ការលើកឡើងនេះបានថ្លែងឡើង បន្ទាប់ពីគាត់បានសិក្សា នូវស្ថានភាពហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន Largan ដែលជាក្រុមហ៊ុនផលិតកែវ lenses កាមេរ៉ាដ៏ធំបំផុតមួយរបស់ Apple។ នៅឆ្នាំនេះ ចំណូលរបស់ក្រុមហ៊ុន Largan នឹងមិនមានកំណើនច្រើននោះទេ ព្រោះអី ខ្លួននៅតែបន្តបង្កើត Lens កាមេរ៉ាទំហំ 8 មេហ្គាភិចសែលដដែលទៅអោយអតិថិជនធំរបស់ខ្លួន ខណៈក្រុមហ៊ុនតូចតាចដទៃទៀតបានប្រើប្រាស់កាមេរ៉ាដល់ 13 មេហ្គាភិចសែលទៅហើយ។ ត្រង់ចំណុចនេះមានន័យថា Apple បានកុម្ម៉ង់កែវកាមេរ៉ាទំហំ 8 មេហ្គាភិចសែលពីក្រុមហ៊ុន Largan ដដែល មិនបានកុម្ម៉ង់ទំហំធំជាងនេះទេ ជាហេតុធ្វើអោយប្រាក់ចំណូលរបស់រោងចក្រនេះនឹងមិនមានកំណើនច្រើនណាស់ណានោះទេ។
ទោះបីជាក្រុមហ៊ុន Apple នឹងនៅតែរក្សាទំហំកាមេរ៉ា 8 មេហ្គាភិចសែលដដែលក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននឹងធ្វើការកែសម្រួលអោយវាកាន់តែមានគុណភាពល្អជាងមុន ដែលដូចជាអាចបំពាក់ស៊ិនស័រថ្មី បច្ចេកវិទ្យា OIS និងស្រទាប់ Lens ល្អជាងមុនជាដើម។ កាលពីប៉ុន្មានខែមុន ប្រភពមួយចំនួនក៏ធ្លាប់បានបញ្ជាអោយដឹងដែរថា iPhone 6s នឹងមានកែវកាមេរ៉ាចំនួនពីរនៅខាងក្រោយ ដើម្បីជំនួយអោយការថតរូបភាពច្បាស់ និងល្អប្លែកជាងកាមេរ៉ាធម្មតា។
ជាការពិតណាស់ កាមេរ៉ារបស់ iPhone កម្រធ្វើអោយអ្នកប្រើប្រាស់ខកចិត្តណាស់ ព្រោះអីវាអាចថតរូបភាពបានលឿន រហ័សល្អ ពន្លឺគ្រប់គ្រាន់ និងចាប់ពណ៌បានត្រឹមត្រូវទៀតផង។ 8 មេហ្គាភិចសែលគ្រាន់តែជាទំហំរូបភាពដែលវាអាចផ្តិតបានប៉ុណ្ណោះ ប៉ុន្តែគុណភាពរូបភាព និងភាពងាយស្រួលក្នុងការថតទេទើបជាចំណុចដែលយើងគួរព្រួយបារម្ភ។
ប្រភពៈ Taipei Times
ដោយៈ Vongthear
9:21am 10 កុម្ភៈ